ធម្មាទាសកថា ធម្មាទាសកថា ព្រះបាឡាត់ឧត្ដមលិខិត សុង
- ស៊ីវ វត្តលង្កា ភ្នំពេញ ទេសនាដាក់វិទ្យុប្រទេសកម្ពុជា
កាលពីថ្ងៃ ៨ កើត ខែជេស្ឋ ឆ្នាំជូត សំរិទ្ធីស័ក ព. ស. ២៤៩១ (៤ - ៦
- ៤៩) នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស សូមនមស្ការ
ចំពោះព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ
(ព្រមទាំងព្រះធម៌ នឹងព្រះសង្ឃដោយគោរព) ។ វេលានេះ
អាត្មាភាពសូមសំដែងនូវធម្មបរិយាយឈ្មោះ ធម្មាទាសៈ
"ធម៌ដូចកែវឆ្លុះ" ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែង
មាននៅក្នុងសុត្តន្តបិដក គម្ពីរទីឃនិកាយ មហាវគ្គ ជាធម្មស្សវនាការ
ដូចតទៅនេះ ។ ធម្មបរិយាយឈ្មោះ ធម្មាទាសៈ នេះមាន ៤ យ៉ាងគឺៈ ១.-
ពុទ្ធេ អវេច្ចប្បសាទោ សេចក្ដីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធ
។ ២.- ធម្មេ អវេច្ចប្បសាទោ
សេចក្ដីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះធម៌ ។ ៣.- សង្ឃេ
អវេច្ចប្បសាទោ សេចក្ដីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះសង្ឃ ។ ៤.-
អរិយកន្តសីលំ សីលជាទីគាប់ចិត្តរបស់អរិយបុគ្គល ។ ធម៌ទាំង ៤
យ៉ាងនេះតែងមានក្នុងអរិយបុគ្គល,
ជាធម៌ជាន់ខ្ពស់ដូចជាគ្រឿងសំរាប់ឆ្លុះមើលគតិនឹងបរលោក
របស់ខ្លួននឹងបុគ្គលដទៃឬថាសំរាប់ឆ្លុះមើលនូវចុតិនឹងបដិសន្ធិក៏
បាន ។ អធិប្បាយ តាមពិត ធម្មាទាសកថានេះ
ព្រះសឹក្យមុនីសម្ពុទ្ធទ្រង់សំដែងក្នុងមហាបរិនិព្វានសូត្រ
ចំពោះព្រះអានន្ទដ៏មានអាយុថាៈ "ម្នាលអានន្ទ !
សត្វគឺមនុស្សដែលធ្វើមរណកាលដោយហេតុណា
ហេតុនោះមិនជាអស្ចារ្យទេ ព្រោះកាលបើមនុស្សនោះ ៗ
ធ្វើរមណកាលហើយ អ្នកទាំងឡាយមុខជានឹងមរកតថាគត
ហើយសួរនូវដំណើរនោះ, ម្នាលអានន្ទ !
នេះជាសេចក្ដីលំបាកដល់តថាគតណាស់" ។ ហើយទ្រង់សំដែងតទៅទៀតថា
"ម្នាលអានន្ទ ! ព្រោះហេតុនោះ អរិយសាវ័កប្រកបដោយធម្មចរិយាណា
កាលបើប្រាថ្នានឹងព្យាករ ក៏គប្បីព្យាករខ្លួនដោយខ្លួនឯងបានថា
អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ
អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល
លែងធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្ដីត្រាស់ដឹងទៅខាងមុខ
ដូច្នេះ តថាគតនឹងសំដែងនូវធម្មបរិយាយនោះឈ្មោះ ធម្មាទាសៈ
(ធម៌ដូចជាកែវឆ្លុះ) ។ ធម្មបរិយាយទី ១ -
ព្រះសម្ពុទ្ធបរមគ្រូទ្រង់សំដែងថាៈ
អរិយសាវ័កប្រកបដោយសេចក្ដីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធថាៈ
ឥតិបិសោ ភគវា អរហំ
ព្រះមានព្រះភាគអង្គនោះទ្រង់ឆ្ងាយចាកកិលេសហើយ សម្មាសម្ពុទ្ធោ
ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯងដោយប្រពៃ វិជ្ជាចរណសម្បន្នោ
ទ្រង់បរិបូណ៌ដោយវិជ្ជានឹងចរណៈ សុគតោ ទ្រង់ដល់ណូវសុន្ទរស្ថាន
លោកវិទូ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក អនុត្តរោ
ទ្រង់ប្រសើរដោយសីលាទិគុណ បុរិសទម្មសារថិ
ទ្រង់ទូន្មាននូវបុតសដែលគួរទូន្មានបាន សត្ថា ទេវមនុស្សានំ
ទ្រង់ជាគ្រូនៃទេវតានឹងមនុស្សទាំងឡាយ ពុទ្ធោ
ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ភគវា
ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត,
ព្រះអរិយបុគ្គលទាំងឡាយមានមនោសញ្ចេតនាជ្រះថ្លាចំពោះព្រះពុទ្ធគុណ
ទាំង ១០ នេះ ពុំមានរំភើបញាប់ញ័រឡើយ, នេះជាធម្មាទាសៈទី ១ ។
ឯព្រះពុទ្ធគុណទាំង ១០ នេះ បើបំព្រួញឲ្យខ្លីមកនៅត្រឹមតែ ៣ គឺ
១- បញ្ញាគុណ សំដៅយកការត្រាដ់ដឹងនូវមគ្គញ្ញាណ
ដែលជាទីតាំងនៃសព្វញ្ញុតញ្ញាណនឹងញាណដ៏សេស
មានចតុវេសារជ្ជ-ញ្ញាណ, ទសពលញ្ញាណនឹងអនាវរញ្ញាណ ជាដើម
ដែលជាហេតុឲ្យសម្រេចគុណដល់សព្វសត្វ ។ ២- វិសុទ្ធិគុណ
សំដៅយកសេចក្ដីបរិសុទ្ធរបស់ព្រះអង្គ
បានដល់ការលះបង់នូវកិលេសព្រមទាំងវាសនាដាច់ស្រឡះ
ទោះបីលោកធម៌ទាំង ៨ ប្រការកើតឡើងចំពោះព្រះអង្គ
ក៏ទឹកព្រះទ័យរបស់ព្រះអង្គមិនញាប់ញ័រឡើយ ។ ៣- ករុណាគុណ
បានដល់សេចក្ដីអាណិតអាសូរដល់ពួកសត្វដែលកំពុងក្ដៅក្រហល់ក្រហាយ
អន្ទះអន្ទែងដោយភ្លើងទុក្ខ ភ្លើងកិលេស
ជ្រមុជឈ្លក់នៅក្នុងសមុទ្រគឺសង្សារ
រងទុក្ខវេទនារកទីបំផុតគ្មាន
ទ្រង់មានព្រះទ័យប្រាថ្នានឹងស្រោចស្រង់
លើកស្ទួយសត្វទាំងនោះឲ្យរួចអំពីទុក្ខវេទនានោះ ។
គុណទាំងបីនេះ ជាទីប្រជុំចុះនៃគុណទាំង ១០ គឺ សម្មាសម្ពុទ្ធោ
១, វិជ្ជាចរណសម្បន្នោ ១, លោកវិទូរ ១,
បីនេះសង្គ្រោះចូលក្នុងបញ្ញាគុណ ។ អរហំ ១, សុគតោ ១, អនុត្តរោ ១,
បីនេះសង្គ្រោះចូលក្នុងវិសុទ្ធិគុណ ។ បុរិសទមមសារថិ ១,
សត្ថាទេវមនុស្សានំ ១, ពុទ្ធោ ១, ភគវា ១
បួននេះសង្គ្រោះចូលក្នុងករុណាគុណ ។ ម្យ៉ាងទៀតគុណទាំងបីនេះ
បើបំព្រួញឲ្យខ្លីមកទៀតនៅត្រឹមតែពីរ គឺ អត្តហិតគុណ ១,
បរហិតគុណ ១, គុណទាំងពីរនេះជាទីប្រជុំចុះនៃគុណទាំង ១០ គឺ
អរហំ ១, សម្មាសម្ពុទ្ធោ ១, វិជ្ជាចរណសម្បន្នោ ១, សុគតោ ១, លោកវិទូ
១, ប្រាំនេះជាអត្តហិតគុណព្រះគុណជាប្រយោជន៍ចំពោះព្រះអង្គ ។
អនុត្តរោ ១, បរិសទម្មសារថិ ១, សត្ថាទេវមនុស្សានំ ១, ពុទ្ធោ ១, ភគវា ១,
ប្រាំនេះជាបរហិតគុណ ព្រោះគុណជាប្រយោជន៍ចំពោះសត្វដទៃ ។
ធម្មបរិយាយទី ២ - ព្រះសម្ពុទ្ធបរមគ្រូទ្រង់សំដែងថា
អរិយសាវ័កប្រកបដោយសេចក្ដីជ្រះថ្លា
មិនញាប់ញ័រក្នុងព្រះធម៌ថា ស្វាក្ខាតោ ភគវតា ធម្មោ
ធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយប្រពៃ សន្ទិដ្ឋិកោ
ធម៌ដែលអរិយបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង អកាលិកោ
ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ឯហិបស្សិកោ ជាធម៌គួរនឹងហៅថា
អ្នកចូលមកមើលដូច្នេះបាន ឱបនយិកោ
ជាធម៌ដែលអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន
បច្ចត្តំវេទិតព្វោ វិញ្ញូហិ
ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយមានឧគ្ឃដិតញ្ញូបុគ្គលជាដើម
គប្បីដឹងដោយជាក់ច្បាស់ក្នុងចិត្តនៃខ្លួន ។ អរិយបុគ្គលទាំងឡាយ
មានមនោសញ្ចេតនាជ្រះថ្លាចំពោះព្រះធម្មណទាំង ៦
នេះពុំមានរំភើបញាប់ញ័រឡើយ, នេះជាធម្មាទាសៈទី ២ ។
ឯព្រះធម្មគុណនេះបានដល់បិដកទាំងបី គឺៈ វិន័យបិដក ១, សត្តន្តដក
១ អភិធម្មបិដក ១ ។ ដែលហៅថាវិន័យបិដក គឺកញ្ជើ
ឬភាជនៈសម្រាប់ដម្កល់នូវវិភង្គទាំងពីរ គឺ ភិក្ខុវិភង្គ
នឹងភិក្ខុនីវិភង្គ, នឹងខន្ធកៈទាំង ២២ មានមហាខន្ធកៈជាដើម,
នឹងបាតិមោក្ខទាំងពីរគឺ ភិក្ខបាតិមោក្ខនឹងភិក្ខុនីបាតិមោក្ខ,
ទាំងបរិវារៈ ១៦ មានកត្ថបញ្ញត្តិន្តិវារៈជាដើម
ដែលព្រះថេរៈទាំងឡាយសមោធានរួបរួមក្នុងបឋមសង្គីតិ ។ ដែលហៅថា
សុត្តន្តបិដក គឺកញ្ជើឬភាជន សម្រាប់ដម្កល់នូវពុទ្ធវចនៈ
ដែលមាននៅក្នុងនិកាយទាំង ៥ គឺ ទីឃនិកាយ សង្គ្រោះដោយសូត្រ ៣៤
មានព្រហ្មជាលសូត្រជាដើម ១ បជ្ឈិមនិកាយ, សង្គ្រោះដោយសូត្រ ២៥២
មានមូលបរិយាយសូត្រជាដើម ១, សំយុត្តនិកាយសង្គ្រោះដោយសូត្រ ៧.៧៦២
មានឱឃតរសូត្រជាដើម ១, អង្គុត្តរនិកាយសង្គ្រោះដោយសូត្រ ៩ ៥៥៧
មានចិត្តបរិយាទានសូត្រជាដើម ១, ខុទ្ទកនិកាយ មានប្រភេទ ១៥
មានខុទ្ទកបាឋជាដើម ១ ។ ដែលហៅថា អភិធម្មបិដក គឺកញ្ជើឬភាជនៈ
សម្រាប់ដម្កល់នូវពុទ្ធវចនៈ ដែលមាននៅក្នុងគម្ពីរទាំង ៧
និយាយអំពីចិត្ត, ចេតសិក, រូប, និព្វាន ។ គម្ពីរទាំង ៧ នោះ គឺៈ ១-
ធម្មសង្គណី មានគំនរធម៌ចំនួន ១ ៣០០ (ធម្មក្ខន្ធ), ២- វិភង្គ មាន ៦
៥០០ ធម្មខក្ខន្ធ, ៣- ធាតុកថាមាន ៧.០០០ ធម្មក្ខន្ធ, ៤-
បុគ្គលប្បញ្ញត្តិ មាន ៥.៦០០ ធម្មក្ខន្ធ, ៥- កថាវត្ថុ មាន ៧ ១០០
ធម្មក្ខន្ធ, ៦- យមកៈ មាន ៥.១០០ ធម្មក្ខន្ធ, ៧- មហាបដ្ឋាន មាន ៩.៥០០
ធម្មក្ខន្ធ ។ បិដកទាំងបីនេះមានគំនរធម៌ចំនួន ៨៤.០០០
(ព្រះធម្មក្ខន្ធ) គឺព្រះវិន័យបិដកមាន ២១.០០០ ធម្មក្ខន្ធ,
ព្រះសុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ, ព្រះអភិធម្មបិដក មាន
៤២.០០០ ធម្មក្ខន្ធ ។ ធម្មបរិយាយទី ៣ -
ព្រះសម្ពុទ្ធជាបរមគ្រូទ្រង់សំដែងថាព្រះអរិយសាវ័កប្រកបដោយ
សេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃថាៈ សុបដិបន្នោ ភគវតោ
សាវកសង្ឃោ ពួកសាវ័ករបស់ព្រះដ៏មានព្រះភាគប្រតិបត្តិដោយប្រពៃ
ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ
ពួកសាវ័កនៃព្រះដ៏មានព្រះភាគប្រតិបត្តិដោយត្រង់ ញាយបដិបន្នោ
ភគវតោ សាវកសង្ឃោ
ពួកសាវ័ករបស់ព្រះដ៏មានព្រះភាគប្រតិបត្តិដើម្បីព្រះនិព្វាន
សាមីចិប្បដិបន្នោ ភគវតោ សាវកសង្ឃោ
ពួកសាវ័ករបស់ព្រះដ៏មានព្រះភាគប្រតិបត្តិដោយសមគួរ យទិទំ
ចត្តារិ បុរិសយុគានិ អដ្ឋ បុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ
ព្រះសង្ឃទាំងនោះ បើរាប់ជាគូនៃបុរសមាន ៤ គូ
បើរាប់រៀងជាបុរសបុគ្គលមាន ៨ ពួក
នៃសាវ័ករបស់ព្រះដ៏មានព្រះភាគនុ៎ះ, អាហុណេយ្យោ
លោកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា បាហុណេយ្យោ
លោកគួរទទួលនូវទក្ខិណាទាន អញ្ជលិករណីយោ
ជាបុគ្គលដែលសត្វលោកគប្បីធ្វើអញ្ជលីកម្ម អនុត្តរំ បុញ្ញក្ខេត្តំ
លោកស្ស ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។
អរិយបុគ្គលទាំឡាយលោកមានមនោសញ្ចេតនា
ជ្រះថ្លាចំពោះព្រះសង្ឃគុណទាំង ៩ នេះ ពុំមានរំភើបញាប់ញ័រឡើយ,
នេះជាធម្មាទាសៈទី ៣ ។ ឯគុណព្រះសង្ឃទាំង ៩ នេះ
បើបំព្រួញចុះមកនៅត្រឹមតែពីរយ៉ាងគឺ អត្តហិតគុណ ១, បរហិតគុណ ១,
ត្រង់បទថាៈ សុបដិបន្នោ ១, ឧជុបដិបន្នោ ១ ញាយបដិបន្នោ ១
សាមីចិបដិន្នោ ១ ទាំង ៤ នេះឈ្មោះថា អត្តហិតគុណ
ព្រះជាគុណទំនុកបំរុងដល់ខ្លួន ។ អាហុណេយ្យោ ១, បាហុណេយ្យោ ១,
ទក្ខិណេយ្យោ ១, អញ្ជលិករណីយោ ១, អនុត្តរំបុញ្ញក្ខេត្តំលោកស្ស ១, ទាំង
៥ នេះឈ្មោះថា បរហិតគុណ ព្រោះជាគុណទំនុកបំរុងដល់អ្នកដទៃ ។
ធម្មបរិយាយទី ៤ -
ព្រះសម្ពុទ្ធជាបរមគ្រូទ្រង់សំដែងថាអរិយសាវ័កប្រកបដោយសីលជាទី
គាប់ចិត្តរបស់អរិយៈ ជាសីលមិនដាច់, ជាសីលមិនឆ្លុះ,
ជាសីលមិនពពាល, ជាសីលមិនពព្រុះ, ជាសីលរបស់អ្នកជា,
ជាសីលមិនជ្រោកជ្រាកដោយតណ្ហានឹងទិដ្ឋិ
ជាសីលញ៉ាំងសមាធិឲ្យប្រព្រឹត្តទៅបាន, នេះជាធម្មាទាសៈទី ៤ ។
អរិយបុគ្គលទាំងឡាយប្រកបដោយធម្មបរិយាយ ឈ្មោះធម្មាទាសៈទាំង ៤ នេះ
កាលបើលោកត្រូវការឆ្លុះមើលនូវគតិនឹងបរលោករបស់បុគ្គលដទៃ
នឹងខ្លួនលោកក៏អាចព្យាករបានថាៈ អាត្មាអញអស់នរកហើយ,
អស់កំណើតតិរច្ឆានហើយ,
អស់បេត្តិវិស័យហើយអស់អបាយទុគ្គតិវិបាតហើយ
អាត្មាអញជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គលទៀង
មានសេចក្ដីត្រាស់ដឹងទៅខាងមុខ ។ សាធវោ បពិត្រសប្បុរសទាំងឡាយ !
បើសប្បុរសមានមនោសញ្ចេតនាប្រាថ្នានូវសេចក្ដីសុខសេចក្ដីចំរើន
គួរខំញ៉ាំងសេចក្ដីជ្រះថ្លាក្នុងព្រះរតនត្រៃ គឺព្រះពុទ្ធ,
ព្រះធម៌, ព្រះសង្ឃ
ឲ្យសា្ថពរមាំមួនពុំគប្បីស្ញើបរំភើបញាប់ញ័រដោយវត្ថុធាតុផ្សេង
ៗ ទាំងខំថែរក្សាសីលរបស់ខ្លួនឲ្យបរិសុទ្ធគត់មត់ល្អ
ឲ្យជាសីលគួរដល់សេចក្ដីសរសើររបស់អរិយបុគ្គលទាំងឡាយ ។
ដោយតេជៈនៃធម្មទេសនានេះ
សូមទេវតាទាំងមួយហ្មឺនលោកធាតុជួយពិភត្តិរក្សាព្រះប្រិយមហាក្សត្រ
ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រសិទ្ធដោយចតុព្វិធពរ
គឺៈ អាយុ, វណ្ណៈ, សុខៈ, ពលៈ
បរិបូណ៌ដោយតេជានុភាពបរិហារកម្ពុជប្រទេស
ឲ្យបានលុះដល់នូវឧត្ដមគតិដោយមុហុត្តកាលដ៏រួសរាន់សម័យ !
ទាំងសូមពុទ្ធបរិស័ទគ្រប់ជាន់ ដែលបានប្រតិបត្តិតាមសាសនិកវិធី
ក្រោមអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ
ឲ្យបានប្រកបដោយសុខភាពអនាម័យដ៏បរិបូណ៌
សមតាមអធ្យាស្រ័យវត្ថុបំណងកុំបីឃ្លាតឡើយ ! ។ ចប់ ប្រភពៈ
www.budinst.gov.kh