ពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស វន្ទាមិ! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

មហាភិរម្យ

បរាជ័យព្រោះភ្លាំងស្មារតី ជោគជ័យព្រោះប្រុងប្រយ័ត្ន

មនុស្សទាំងអស់ក្នុងលោកនេះសុទ្ធតែត្រូវការជំនោគជោគជ័យក្នុងការប្រកបអាជីវកម្មការងារ គ្មានអ្នកណាត្រូវ ការបរាជ័យនោះទេ ប៉ុន្តែហេតុអ្វីបានជាអ្នកខ្លះទទួលជោគជ័យចម្រើនរុងរឿង អ្នកខ្លះទទួលបរាជ័យ លិចកញ្ជង់ លង់កញ្ជើ បុគ្គលដែលទទួលជោគជ័យព្រោះតាំងនៅក្នុងធម៌មិនប្រមាទ មានសតិបញ្ញាចេះត្រិះរិះពិចារណា ល្អិតល្អន់ មនុស្សដែលទទួលបរាជ័យព្រោះតាំងនៅក្នុងធម៌ប្រមាទ ភ្លាំងស្មារតីដោយធ្វេសប្រហែស មនុស្ស ដែលធ្វេសប្រហែសគ្មានសតិបញ្ញានឹងគិតគន់អ្វីបាននោះទេ សាងប្រយោជន៍អ្វីឲ្យកើតឡើងមិនបានទេ កាល បើភ្លាំងស្មារតី ក៏ភ្លាត់ភ្លេចប្រហែសប្រហោង កុសលកម្មក៏របូតរបុយរលត់រលាញទៅ អកុសលកម្មក៏ចូលមក ជំនួសជួសវិញ មានតែធ្លាក់ចុះទន់ទាបរាបរីងប៉ុណ្ណោះឯង ។
នៅសម័យមួយ ព្រះបាទបសេនទិកោសលបានចូលទៅគាល់ព្រះដ៏មានព្រះភាគជាម្ចាស់ដល់ទីប្រថាប់ ប្រថាប់ គង់ត្រង់កន្លែងសមគួរហើយ ក៏ក្រាបទូលថា
"បពិត្រព្រះអង្គទ្រង់ចម្រើន ! គោលធម៌ណាមួយដែលទាញយកប្រយោជន៍ទាំង ២ បាន គឺ ប្រយោជន៍បច្ចុប្បន្ន និង ប្រយោជន៍អនាគត មានឬទេ?"
ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់តបថា
"បពិត្រមហារាជ ! គោលធម៌ដែលទាញយកប្រយោជន៍ទាំង ២ បាន គឺ ប្រយោជន៍បច្ចុប្បន្ន និង ប្រយោជន៍ អនាគតមាន"
"បពិត្រព្រះអង្គទ្រង់ចម្រើន ! គឺ អ្វីទៅ ? "
"បពិត្រមហារាជ ! គឺ សេចក្តីមិនប្រមាទ ដានជើងរបស់សត្វទាំងឡាយដែលដើរត្រាច់ចរនៅលើផែនដី ដានជើង ទាំងអស់នោះប្រួមចូលក្នុងដានជើងដំរី បណ្ឌិតពោលថា ដានជើងដំរីចាត់ជាដានជើងឆ្នើមជាងដានជើងណាៗ ទាំងអស់ព្រោះជាដានជើងធំ យ៉ាងណាមិញ គោលធម៌ដែលទាញយកប្រយោជន៍ទាំង ២ បាន គឺ ប្រយោជន៍ បច្ចុប្បន្ន និង ប្រយោជន៍អនាគត បានដល់ សេចក្តីមិនប្រមាទ ក៏យ៉ាងនោះឯង"
ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់កម្រងពាក្យតទៅទៀតថា
"បុគ្គលកាលបើប្រាថ្នាចង់បានអាយុ អរោគ្យភាព(សុខភាពល្អ) វណ្ណៈ សួគ៌ កំណើតក្នុងត្រកូលខ្ពស់ និង​តម្រេក ត្រេកអរយ៉ាងឱឡារតទៅ គប្បីអនុវត្តអប្បមាទធម៌ បណ្ឌិតទាំងឡាយតែងសរសើរសេចក្តីមិនប្រមាទ ក្នុងការធ្វើបុណ្យ បណ្ឌិតដែលមិនប្រមាទតែងសម្រេចប្រយោជន៍ទាំងពីរបាន ធីរជនហៅថាបណ្ឌិតព្រោះ ទាញយកប្រយោជន៍ទាំងពីរបាន គឺ ប្រយោជន៍បច្ចុប្បន្ន និង ប្រយោជន៍អនាគត"
សូមសួរសំណួរត្រួតពិនិត្យជាមុនសិនថា តើអស់លោកអ្នកទ្រង់ទ្រង់ជីវិតរស់នៅរាល់ថ្ងៃនេះយ៉ាងណា រស់នៅ យ៉ាងអណ្តែតត្រសែតដូចយ៉ាងចកឬយ៉ាងណា រស់នៅយ៉ាងធ្វេសប្រហែសឬយ៉ាងណា? ឬ បណ្តែតបណ្តោយ ទៅតាមយថាកម្ម(តាមប្រេងដូងប្រេងកាត) ទោះជាអ្វីកើតឡើងក៏ស្រេចតែវាចុះ ឃើញថា អស់លោកអ្នក កំពុងតែឈរនៅក្នុងធម៌ប្រមាទខាតសតិស្មារតី សេចក្តីច្រអូសអែលអលក៏ចូលមកគ្របសង្កត់ សេចក្តីក្រវើន ក្រតើនស្ទុះស្ទាក៏រលារលាញ បញ្ញាស្មារតីក៏ដល់នូវទម្រុឌទ្រុឌទ្រោម ជីវិតដែលរស់នៅដោយធម៌ប្រមាទ ចាត់ជាជីវិតស្លាប់ទាំងរស់ ឬ រស់ដូចស្លាប់ បើអញ្ចឹងទេ យើងគប្បីដាំបណ្តុះអប្បមាទធម៌ល្អទេ?
រដូវកាលកំពុងប្រែប្រួលទៅ ប្រែពីថ្ងៃទៅជាខែ ពីខែទៅជាឆ្នាំ គ្មានអ្វីដែលស្ថិតស្ថេរគង់វង្សនោះទេ រាងរៅមុខ មាត់ដែលមានសម្រស់ស្រស់ថ្លាក៏រោយរាយ ស្លាកស្នាមជ្រីវជ្រួញរួញយុរយារក៏ចាប់ប្រាកដឲ្យឃើញបន្តិច ម្តងៗ កម្លាំងកំហែងចាប់ផ្តើមថមថយខ្សោយចុះ ចំណាស់ចាស់គ្រាំគ្រាចាប់ផ្តើមលូនចូលមកសន្សឹមៗ រហូត ដល់ក្លាយទៅជាមនុស្សទុព្វលភាព នៅខណៈដែលតាំងនៅក្នុងវ័យស្ទាវមានកម្លាំងវ័ងជានៅល្អ គប្បីឈ្វេង យល់ដល់ដំណើរប្រែប្រួលនៃជីវិតមុនពេលដែលជរាភាពចូលមកដល់ ត្រូវប្រញាប់ប្រញាល់ស្រវាស្រទេញ សិក្សារៀនសូធ្យរកចំណេះចេះដឹង បណ្តុះពូជបញ្ញាទុកជាឧបនិស្ស័យ បំពេញតួនាទីការងារ ខិតខំបំពេញការ ងារ តាំងនៅក្នុងសេចក្តីមិនប្រមាទដោយរលឹកនឹកឃើញដល់ដំណើរប្រែប្រួលថា "ពេលវេលាមិនរងចាំសត្វលោក" ការរស់នៅយ៉ាងស៊សគ្រលសធ្វេសប្រហែសយ៉ាងអណ្តែតអណ្តូង ទោះនិយាយក្តីធ្វើក្តីក៏មានតែភ្លាំងភ្លាត់ថ្លោះធ្លោយ អកុសលធម៌បានឱកាសជ្រៀតជ្រែកចូលមកបញ្ជាការ ឲ្យគិត និយាយ និង ធ្វើបាបកម្ម បើរឹតតែមានសេចក្តីវង្វែងវង្វាន់ឈ្លីឈ្លក់វក់វីចូលមកផ្សែផ្សំទៀត ក៏រឹតតែជាប់ផុងលង់ជ្រៅក្នុងរណ្តៅអវិជ្ជាងងឹតឈ្លប់ អប្បបញ្ញា នៅខណៈដែលលំនឹកនឹកគិតនៅល្អមាំមួន គ​ប្បីគិតពិចារណាដល់កំហុសខុសឆ្គងមុននឹងខុសឆ្គង និងមុនពេលដែលអកុសលធម៌ចូលមកកាន់កាប់បញ្ជាការ ត្រូវភ្ញាក់រលឹកនឹកឃើញជានិច្ច មានសតិស្មារតីជាហ្វាំងទប់ស្កាត់ បណ្តើរខ្សែជីវិតទៅដោយសេចក្តីប្រុង ប្រយ័ត្នដោយខ្លាចញញើតចំពោះកំហុសថ្លោះធ្លោយ ហេតុដូច្នោះ សេចក្តីមិនប្រមាទឈ្មោះថាជាប្រភពរួម នៃកុសលធម៌នាំមកនូវការរីកចម្រើន រីឯសេចក្តីប្រមាទចាត់ជាប្រភពរួមនៃអកុសលធម៌នាំមកនូវសេចក្តី វិនាសអន្តរធាន ។

ឆ្លាក: អប្បមាទ

ចែករំលែក 

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួមក្នុងបណ្តាញព្រះពុទ្ធសាសនាខ្មែរ

អំពីពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសំរាប់ខ្មែរ

ទស្សនៈសម្តេច ព្រះសង្ឃរាជជួន ណាត
**********************************
~«ព្រះធម្មរតនៈ»~
««ស្តាប់ព្រះធម៌ទេសនា»» **********************************

បណ្តាញជាអង់គ្លេស

រូបថត

កំពុងផ្ទុក...

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

~~DOWNLOAD~~

..ទីសន្ទនាប្រស្រ័យ..

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ប្រអប់សំបុត្រ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ដំណឹងពិធីបុណ្យនានា

ពត៌មានស្ត្រីខ្មែរ

© 2009   Created by ភិក្ខុធម្មានន្ទ on Ning.   Create a Ning Network!

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  ភាពឯកជន  |  Terms of Service

ចូលដើម្បីជជែកកំសាន្ត