ពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស វន្ទាមិ! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

ពាក្យថា មនុស្ស ជាពាក្យក្លាយ(derived word) ฺឬ ជាពាក្យខ្ចី(loanword)ពីបាលី ឬ សំស្រ្កឹតតាមរយៈ សាសនាដែលបានហូរចូលមកកាន់ដែនដីមាសតាំងពីបុរាណកាល ជនជាតិមួយដែលហៅខ្លួនឯងថា ខ្មែរ រស់នៅលើដែនដីមាសនេះមានគម្តែងផ្ទែក្រោមជាប្រមុខគ្រប់គ្រងដែនដីនោះ លុះបានទទួលរបស់ថ្មីទំនើប អក្សរសាស្ត្រ វប្បធម៌ក៏ចាប់រីកចម្រើនឡើងជារឿយៗដោយសារជនជាតិដើមជាអ្នកទទួលយកនិងជនជាតិ ព្រៀងលានជាអ្នកប្រគល់ឲ្យ ពាក្យពេចន៍ជាច្រើនត្រូវបានជនជាតិដើមប្រើប្រាស់យ៉ាងផុសផុលគ្មានអ្វីដែល ទើសទាស់ឡើយរហូតដល់ភ្លេច ចាប់ភ្លឹកថាពាក្យពេចន៍ មួយចំនួនដែលហូរចេញពីបបូរមាត់ខ្មែរគ្រប់ៗគ្នានោះ មានឫសគល់មកពីណា និង មានអត្ថន័យដើម យ៉ាងណានោះទេ ប៉ុន្តែសម្រាប់អ្នកសិក្សាបាលី ឬសំស្ក្រឹតដែល ជាភាសាសរសៃឈាមរបស់ខ្មែរក៏តែងតែចង់វែកញែកឲ្យឃើញជាក់ច្បាស់ថាពាក្យណាជាពាក្យខ្មែរសុទ្ធ ឬពាក្យ ណាជាពាក្យព្រៀងលាន សមដូចពាក្យថា មនុស្ស នេះ ត្រូវនឹងបាលីថា មនុនោ អបច្ចន្តិ មនុស្សោ កូនរបស់មនុ ឈ្មោះថា មនុស្ស ពាក្យថា មនុ ជាឈ្មោះនៃអាទិជនដែលព្រះព្រហ្មជាអ្នកបង្កើត ឡើងក្នុងលោក ដូច្នេះ ពាក្យថា មនុស្ស នេះមានន័យថា កូនរបស់មនុក្នុងបឋមកប្ប ពោលគឺ ព្រះព្រហ្ម ជាអ្នកបង្កើតមនុហើយមនុជាបង្កើតមនុស្សតាមជំនឿរបស់ព្រហ្មញ្ញសាសនា ស្រដៀងគ្នានឹងពាក្យថា អាដាំ (Adam)ជាជនដំបូងបង្អស់ដែលព្រះអាទិទេព(God)ជាអ្នកបង្កើតឡើងក្នុងលោកតាមជំនឿរបស់គ្រិស្ត សាសនា ទាំងព្រហ្មញ្ញសាសនាទាំងគ្រិស្តសាសនាសុទ្ធតែអះអាងថាព្រះរបស់ខ្លួនជាអ្នកបង្កើតមនុស្សព្រម ទាំងសារពើវត្ថុក្នុងលោកមកទាំងអស់ សាសនាទាំង ២ នេះចាត់ជាសាសនាប្រភេទទេវនិយម(Theism) ចំណែក ឯព្រះពុទ្ធសាសនាវិញជាសាសនាប្រភេទអទេវនិយម(Atheism) បានឲ្យអត្ថន័យពាក្យថា មនុស្ស ថា មនោ ឧស្សន្នមស្សាតិ មនុស្សោ ចិត្តរបស់ជននោះខ្ពស់ ហេតុនោះ ជននោះឈ្មោះថា អ្នកមានចិត្តខ្ពស់ ការដែលពោលថា អ្នកមានចិត្តខ្ពស់ នេះសំដៅដល់ការឲ្យតម្លៃឬលើកទឹកចិត្តដល់ជនដែលយោនយកកំណើតកើតជាមនុស្សនេះ តាមពិត ​ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់មានគោលបំណងចង់កែទម្រង់បុគ្គលដែលបាន កើតជាមនុស្សនេះដោយសកម្មភាពដែលល្អប្រសើរលើសពីសត្វដទៃទៀតក្នុងលោក ម្យ៉ាងទៀត ដោយទ្រង់ ជាព្រះសព្វញ្ញូមានបទពិសោធន៍យល់ដឹងរឿងភពជាតិជាច្រើន(ចុតូបបាតញាណ)ទើបត្រាស់ថា កិច្ឆោ មនុស្សបដិលោភោ ការត្រឡប់បានមកកើតជាមនុស្សចាត់ជាទង្វើកម្រនឹងធ្វើបានព្រោះភពជាតិដែល សត្វត្រូវអន្ទោលស្លាប់កើតមានច្រើនជាអនេក ឬថា ការដែលបានកើតជាមនុស្សនេះដោយសារមានបុណ្យ វាសនា ឬ បានប្រព្រឹត្តគុណធម៌របស់មនុស្សមកហើយហ្នឹងឯង(បុព្វេកតបុញ្ញតា) សកម្មភាពគ្រប់បែបយ៉ាង ដែលមនុស្សធ្វើហៅថា កម្ម មនុស្សគប្បីចៀសវាងសកម្មភាពដែលមិនល្អទាំងដោយកាយ វាចា និង ចិត្តព្រោះជាហេតុនាំមកនូវបញ្ហាទុក្ខក្តៅក្រហាយដល់ខ្លួនទាំងបច្ចុប្បន្ននិងអនាគត ផ្ទុយទៅវិញ គប្បីធ្វើ សកម្មភាពដែលល្អប្រសើរទាំងដោយកាយ វាចា និង ចិត្តព្រោះជាហេតុនាំមកនូវសេចក្តីសុខទាំងបច្ចុប្បន្ន និង អនាគត ម្យ៉ាងទៀត ពាក្យថា មនុស្សនេះ មានបទវិគ្រោះថា ហិតាហិតំ មនតីតិ មនុស្សោ ប្រែថា អ្នក ដែលដឹងគុណសម្បត្តិ និង គុណវិបត្តិ ឈ្មោះថា មនុស្ស មានន័យថា អ្នកដឹងខុសដឹងត្រូវហ្នឹងឯង ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ទាក់ទងនឹងគុណសម្បត្តិរបស់មនុស្សជាមួយនឹងសាវ័ករបស់ព្រះអង្គទៀតថា
"តីហិ ភិក្ខវេ ឋានេហិ ជម្ពុទីបកា មនុស្សា ឧត្តរកុរុកេ ច មនុស្សេ អធិគ្គណ្ហន្តិ ទេវេ ច តាវតឹ្តសេ, កតមេហិ តីហិ, សូរា សតិមន្តោ ឥធ ព្រហ្មចរិយវាសោ " ។
"ម្នាលភិក្ខុទាំងឡាយ ! មនុស្សជនជាតិជម្ពូទ្វីបប្រសើរលើសលុបមនុស្សជនជាតិឧត្តរកុរុទ្វីបព្រមទាំងទេវតា ជាន់តាវតិ្តង្សដោយឋានៈ ៣ យ៉ាង គឺ ជាអ្នកក្លៀវក្លា មានសតិស្មារតី រស់នៅប្រព្រឹត្តគុណធម៌យ៉ាងប្រសើរក្នុង លោកនេះ" ។
មនុស្សដែលមានគុណសម្បត្តិជាអ្នកក្លាហានទៅបានមិនមែនដោយសារអាវុធមហាប្រល័យ ឬ សង្គ្រាម បូជនីយកិច្ច ឬ សង្គ្រាមភាន់ប្រែណាៗឡើយ ផ្ទុយទៅវិញ នឹងក្លាយទៅជាអ្នកក្លៀវក្លាឬអ្នកក្លាហានបានដោយ លះបង់ចោលសកម្មភាពអស់ទាំងនោះដែលចាត់ជាអំពើខុសឆ្គង ងាករេបែរមកធ្វើអំពើត្រឹមត្រូវវិញដោយ សម្លឹងមើលគ្រោះមហន្តរាយធម្មជាតិដែលកំពុងតែដាក់ទណ្ឌកម្មមនុស្សជាតិ មើលឃើញគុណតម្លៃរបស់ជីវិត មនុស្សជាតិដោយសតិបញ្ញាទាំងអស់គ្នា ខំអប់រំចម្រើនមេត្តាករុណាចំពោះគ្នាទៅវិញទៅមក មេត្តាករុណាចាត់ ជាគុណធម៌យ៉ាងប្រសើរដែលមនុស្សគប្បីប្រព្រឹត្តចំពោះគ្នា ពិភពលោកនេះ បើខ្វះមេត្តាករុណាទេក៏មានតែ សង្គ្រាម និង ហិង្សាកើតឡើងជារឿយៗ ពាក្យថា សុខសន្តិភាព នឹងមិនកើតឡើងឡើយក្នុងលោក ។

ឆ្លាក: កូនព្រះ

ចែករំលែក 

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួមក្នុងបណ្តាញព្រះពុទ្ធសាសនាខ្មែរ

អំពីពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសំរាប់ខ្មែរ

ទស្សនៈសម្តេច ព្រះសង្ឃរាជជួន ណាត
**********************************
~«ព្រះធម្មរតនៈ»~
««ស្តាប់ព្រះធម៌ទេសនា»» **********************************

បណ្តាញជាអង់គ្លេស

រូបថត

កំពុងផ្ទុក...

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

~~DOWNLOAD~~

..ទីសន្ទនាប្រស្រ័យ..

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ប្រអប់សំបុត្រ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ដំណឹងពិធីបុណ្យនានា

ពត៌មានស្ត្រីខ្មែរ

© 2009   Created by ភិក្ខុធម្មានន្ទ on Ning.   Create a Ning Network!

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  ភាពឯកជន  |  Terms of Service

ចូលដើម្បីជជែកកំសាន្ត